(English) Making the Holidays Special: Creative Ways to Spend Time with Your Family

 December 16 ,2024

ការធ្វើឱ្យថ្ងៃឈប់សម្រាករបស់លោកអ្នកកាន់តែពិសេស៖ គន្លឹះដ៏ឆ្លាតវៃសម្រាប់ការចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់លោកអ្នក

ក្រុមគ្រួសារជាច្រើននៅសាលាហ៊្វូតព្រីនអន្តរជាតិ កំពុងរង់ចាំពេលវេលាឈប់សម្រាកដ៏សមរម្យមួយ ក្នុងពេលដែលរដូវបុណ្យដំណាច់ឆ្នាំកំពុងខិតជិតមកដល់ (ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥)។ ពេលវេលានេះផ្តល់ឱកាសឱ្យលោកអ្នកបង្កើតទំនាក់ទំនងល្អជាមួយបុត្រធីតា និងការចងចាំដែលមិនអាចបំភ្លេចបាន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីជួយលោកអ្នកទាញយកអត្ថប្រយោជន៍ពីរដូវកាលឈប់សម្រាកនេះ៖

តុល្យភាពរវាងការសម្រាកនិងការចូលរួម

ខណៈពេលដែលការសម្រាកមានសារៈសំខាន់ ការរក្សាទម្លាប់ដែលអាចបត់បែនបានអាចជួយរក្សាតុល្យភាពត្រឹមត្រូវ។ អនុញ្ញាតឱ្យបុត្រធីតារបស់លោកអ្នកគេងឱ្យបានយូរជាងមុន ប៉ុន្តែព្យាយាមរក្សាម៉ោងចូលគេងពេលយប់ឱ្យនៅដដែល។ រូមបញ្ចូលការសម្រាកលំហែ ជាមួយនិងសកម្មភាពដែលបញ្ចេញចលនារាងកាយ និងខួរក្បាល ហើយប្រើប្រាស់ប្រតិទិនសាមញ្ញ ឬការរាប់ថយក្រោយដើម្បីបង្កើនភាពរំភើបសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខ ដូចជាការប្រារព្ធកម្មវិធីជាដើម។

ទទួលយកទម្លាប់ថ្មីៗ

រដូវកាលឈប់សម្រាកគឺជាពេលវេលាដ៏ល្អបំផុតក្នុងការណែនាំទម្លាប់ថ្មីៗនៅក្នុងគ្រួសារ។ ស្វែងយល់ពីទីតាំងប្រវត្តិសាស្ត្រក្នុងតំបន់ ឬដើរលេងនៅសួនឧទ្យាននិងតំបន់អភិរក្សធម្មជាតិដែលនៅជិតៗ។ លោកអ្នកក៏អាចចម្អិនអាហារជាមួយគ្នាជាគ្រួសារ សាកល្បងមុខម្ហូបថ្មីៗ ឬធ្វើនំសម្រាប់រដូវកាលឈប់សម្រាកដែលលោកអ្នកចូលចិត្ត។

លើកទឹកចិត្តការសិក្សាតាមរយៈការកម្សាន្តសប្បាយ

ការសិក្សារៀនសូត្រមិនចាំបាច់បញ្ឈប់ក្នុងអំឡុងពេលឈប់សម្រាកនោះទេ! លោកអ្នកអាចឱ្យបុត្រធីតាចូលរួមក្នុងសកម្មភាពដែលមានការអនុវត្តផ្ទាល់ដូចជាការពិសោធវិទ្យាសាស្ត្រ ល្បែងផ្គុំរូប ឬបង្កើតគម្រោងដែលលើកកម្ពស់ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា។ អនុវត្តជំនាញគណិតវិទ្យាពេលចម្អិនអាហារជាមួយគ្នា ឬក្នុងពេលទិញគ្រឿងទេសនៅផ្សារ។ លោកអ្នកអាចពិចារណាក្នុងការធ្វើកិច្ចការ DIY ដូចជាការជួសជុល ឬកែលម្អសម្ភារៈក្នុងផ្ទះ ឬបង្កើតអ្វីមួយដែលចេញពីការស្រមើស្រមៃ។

បណ្តុះភាពច្នៃប្រឌិត និងការស្វែងយល់

ជំរុញការស្រមើស្រមៃរបស់បុត្រធីតាលោកអ្នក ជាមួយនឹងសកម្មភាពដែលលើកកម្ពស់ភាពច្នៃប្រឌិត។ រៀបចំកន្លែងគូរគំនូរជាមួយនឹងសម្ភារៈផ្សេងៗ បង្កើតកន្លែងអានសៀវភៅដ៏មានផាសុកភាពមួយជាមួយនឹងសៀវភៅដែលទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ និងស្វែងយល់ពីចំណង់ចំណូលចិត្តថ្មីៗជាមួយគ្នា មិនថាជាការគូររូប តន្ត្រី ឬថតរូបនោះទេ។ លោកអ្នកអាចស្វែងរកវគ្គសិក្សា ឬមេរៀនលើប្រព័ន្ធអុីនធឺណិតដើម្បីជួយពន្យល់ណែនាំ បុត្រធីតាលោកអ្នកឆ្ពោះទៅកាន់ភាពច្នៃប្រឌិតដែលពួកគេស្វែងរក។

ការផ្តល់ត្រឡប់ទៅសហគមន៍វិញ

ប្រើប្រាស់ពេលវេលានេះដើម្បីបង្រៀនបុត្រធីតាលោកអ្នក អំពីតម្លៃនៃភាពសប្បុរស និងការជួយអ្នកដទៃ។ ស្ម័គ្រចិត្តនៅអង្គការសប្បុរសធម៌ក្នុងស្រុក ឬរៀបចំយុទ្ធនាការបរិច្ចាគសម្រាប់អ្នកដែលត្រូវការជំនួយ។ សកម្មភាពសប្បុរសធម៌តូចៗ ដូចជាការជួយអ្នកជិតខាង ឬការធ្វើសកម្មភាពសប្បុរសធម៌ដោយចៃដន្យ អាចមានឥទ្ធិពលយ៉ាងខ្លាំង និងជួយឱ្យបុត្រធីតាលោកអ្នកយល់ពីសារៈសំខាន់នៃការផ្តល់ត្រឡប់ទៅវិញ។

ត្រៀមខ្លួនសម្រាប់ការត្រឡប់ទៅសាលារៀនវិញ

នៅពេលដែលការឈប់សម្រាកខិតជិតមកដល់ទីបញ្ចប់ នេះគឺជាពេលដែលត្រូវចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការត្រឡប់មកសាលារៀន។ រំឭកនូវអ្វីដែលបុត្រធីតាលោកអ្នកបានរៀនក្នុងអំឡុងពេលឈប់សម្រាក និងណែនាំវិធីសាស្ត្រសប្បាយៗ ដើម្បីធ្វើឱ្យការត្រឡប់ទៅកាន់ទម្លាប់សិក្សារបស់ពួកគេវិញមានភាពងាយស្រួល។ រៀបចំសម្ភារៈសិក្សា បង្កើតតារាងត្រួតពិនិត្យការត្រឡប់ទៅសាលារៀនវិញ និងពិភាក្សាអំពីសកម្មភាពរំភើបៗដែលពួកគេនឹងរង់ចាំនៅក្នុងវគ្គសិក្សាខាងមុខ។


រដូវកាលឈប់សម្រាកនេះគឺជាឱកាសសម្រាប់ការសម្រាក
លំហែ ការសិក្សារៀនសូត្រ ការផ្សងព្រេង និងការឆ្លុះបញ្ចាំង។ រក្សាតុល្យភាពរវាងពេលទំនេរ ជាមួយនឹងសកម្មភាពបំពេញបន្ថែមដែលរស់រវើក ដើម្បីពង្រឹងទំនាក់ទំនងគ្រួសារ គាំទ្រការរីកចម្រើនរបស់បុត្រធីតាលោកអ្នក និងបង្កើតការចងចាំដ៏មានតម្លៃ។ សូមរីករាយជាមួយនឹងថ្ងៃឈប់សម្រាក!


ចែករំលែកទៅកាន់